នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានធ្វើពិធីបើកជាផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានវត្តមាននិងថ្លែងសុន្ទរកថាក្នុងពិធីបើកនេះផងដែរ។ ថ្លែងក្នុងពិធីបើកនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលបានប្រារព្ធឡើងតាមពេលកំណត់។ សម្តេចធិបតីមានប្រសាសន៍ថា វិស័យកីឡាកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់មហាជន។ អត្តពលិកកម្ពុជាបានចូលរួមក្នុងការប្រកួតធំៗ ទាំងកម្រិតតំបន់និងពិភពលោក ព្រមទាំងអាចដណ្តើមបានមេដាយជូនជាតិប្រកបដោយមោទកភាព។ ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៀតគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រតិភូកីឡា នៃប្រទេសដែលបានចូលរួមផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន […]