សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ ដែលបានចូលរួមចំណែកក្នុងការជួយសង្គមជាតិនិងប្រជាជន ជាគោរមងារដែលមានតម្លៃថ្លៃថ្លាគួរជាទីគោរព ដូច្នេះក្នុងនាមជាឧកញ៉ាត្រូវចេះធ្វើខ្លួនឱ្យមានតម្លៃស័ក្តិសមនឹងគោរមងារ ខិតខំថែរក្សាកិត្តិនាម កិត្តិយស និង គុណសម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់បន្តជួយដល់សង្គមជាតិនិងគោរមងារដ៏មានតម្លៃឱ្យបានយូរអង្វែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ សម្តេចបានថ្លែងថា គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិនិងប្រជាជន ព្រមទាំងបានខិតខំនិងទទួលផលពីការតស៊ូរបស់ខ្លួនក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះមិនត្រឹមតែសម្រាប់ផ្ទាល់ខ្លួនទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាងសមិទ្ធផលសង្គម កិច្ចការមនុស្សធម៌ និង ជួយអ្នកដទៃ។ ដូច្នេះ ក្នុងនាមជាឧកញ៉ា ត្រូវរក្សាគុណតម្លៃទាំងនេះឱ្យបានខ្ជាប់ខ្ជួននិងយូរអង្វែង។ សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកកិច្ចការទូតសេដ្ឋកិច្ច ជាកិច្ចការអាទិភាពនិងយកចិត្តទុកដាក់ ដោយមិនត្រឹមតែធ្វើការទាក់ទាញក្នុងប្រទេសប៉ុណ្ណោះទេ តែក៏បានជំរុញការទាក់ទាញការវិនិយោគពីក្រៅប្រទេសផងដែរ។ សម្តេចក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជានិងសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ការសហការ គាំទ្រ និង ធ្វើសកម្មភាពយ៉ាងសកម្មក្នុងការភ្ជាប់វិស័យឯកជនជាមួយនឹងវិស័យឯកជន ដែលបង្កើនភាពទាក់ទាញនិងជំរុញការវិនិយោគឱ្យមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាលមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ពោលគឺដើរតួជាស្ពានភ្ជាប់ ដាក់ចេញនូវគោលនយោបាយ និង បើកច្រកព្រំដែន ឯវិស័យឯកជនគឺជាអ្នកឆ្លើយឆ្លងជាមួយនឹងវិស័យឯកជន និងបន្តទំនាក់ទំនងប្រទាក់ក្រឡា។ […]