នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី ឈិន អ៊ីជីន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការនៃតំបន់ស្វយ័តជនជាតិ Zhuang ខេត្តក្វាងស៊ី ប្រទេសចិន។ ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីជំហររួមគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និង ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនទៅក្នុងតំបន់ និង អន្តរជាតិ ជាពិសេស ដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤។ កិច្ចសហការលើវិស័យព័ត៌មាននិងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មានកម្ពុជា និងខេត្តក្វាងស៊ី គឺជាចក្ខុវិស័យដ៏រឹងមាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិនរយៈពេល ៦៦ ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែងក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងទិសដៅពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការពិតនៅកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីឱ្យបានយល់កាន់តែច្បាស់បន្ថែមទៀត។ លោក នេត្រ ភក្ត្រា បានសម្តែងនូវការអរគុណចំពោះរដ្ឋាភិបាលប្រទេសចិន និងរដ្ឋបាលខេត្តក្វាងស៊ី ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មានកម្ពុជាលើវិស័យព័ត៌មាន និងសោតទស្សន៍ ហើយកិច្ចសហការនេះ គឺក្រសួងព័ត៌មានបានធ្វើកិច្ចការងារច្រើនជាមួយស្ថាប័ន អង្គភាពព័ត៌មាន និង ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋចិនក្នុងកិច្ចការព័ត៌មាន […]