នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំប៉ាស៊ីហ្វិក (USARPAC) នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។ ក្នុងឱកាសនៃជំនួប លោក រ៉ូណាល់ ខ្លាក បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងលោកនិងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនងនេះ ជាពិសេសទំនាក់ទំនងរវាងកងទ័ពសហរដ្ឋអាម៉េរិក-កម្ពុជា។ លោក រ៉ូណាល់ ខ្លាក ក៏បានសម្ដែងនូវការចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្ដិភាព តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនៃជំនួបរវាងបញ្ជាការដ្ឋានកងទ័ពជើងគោគ កងយោធពលខេមរភូមិន្ទក្រកម្ពុជា ជាមួយគណៈប្រតិភូកងទ័ពជើងគោកសហរដ្ឋអាម៉េរិក។ សម្ដេចបានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ រវាងកងទ័ពនិងកងទ័ព ក៏ដូចជាការបន្ដកិច្ចសហប្រតិបត្តិការឡើងវិញលើសកម្មភាពមួយចំនួន ដូចជាការបណ្ដុះបណ្ដាលជាដើមនាពេលកន្លងមក បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាម៉េរិក ដែលបានផ្ដល់ការគាំទ្រកម្ពុជាក្នុងសកម្មភាពបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ […]