នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិក (USARPAC) នៅអគ្គបញ្ជាការដ្ឋាន រាជធានីភ្នំពេញ។ ក្នុងឱកាសនៃជំនួប លោក វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក រ៉ូណាល់ ខ្លាក នាពេលនេះថា ជាបេសកកម្មដ៏សំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរប្រកបដោយភាពជឿទុកចិត្តគ្នា។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-សហរដ្ឋអាម៉េរិកនាពេលកន្លងមក តាមរយៈការបំពេញទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកមកកម្ពុជា ការចូលចតនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ក៏ដូចជាកងយោធពលខេមរភូមិន្ទកម្ពុជា បានបញ្ជូនប្រតិភូទៅចូលរួមកម្មវិធីនានា ដែលរៀបចំឡើងដោយកងទ័ពសហរដ្ឋអាម៉េរិកជាដើម។ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាងនិងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍ឆ្នាំ៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រួមនឹងការអភិវឌ្ឍកម្ពុជាលើវិស័យមួយចំនួន ដូចជាកងទ័ព សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល បោសសម្អាតមីន មនុស្សធម៌ និង ការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជាជាដើម។ លោក វង្ស ពិសេន សង្ឃឹមថាសហរដ្ឋអាម៉េរិកបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព […]