ស្របនឹងការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ប្រកបដោយគុណភាពខ្ពស់រវាងប្រទេសចិននិងប្រទេសចូលរួមគំនិតផ្តួចផ្តើមមួយនេះបាននិងកំពុងដំណើរការយ៉ាងរលូននិងប្រកបដោយផ្លែផ្កាជាហូរហែ «ផ្លូវសូត្រឌីជីថល»ដែលជារូបមន្តសហប្រតិបត្តិការថ្មីបានដើរតួនាទីសំខាន់ឡើងៗសម្រាប់ជំរុញការតភ្ជាប់គ្នានៃសកលលោកក្នុងយុគសម័យឌីជីថល ។ តើ«ផ្លូវសូត្រឌីជីថល»ជាអ្វី ? លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានឱ្យនិយមន័យថា ៖ ជំរុញការអភិវឌ្ឍតាមរយៈនវានុវត្តន៍ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឈានមុខដូចជាសេដ្ឋកិច្ចឌីជីថល , អ៊ីនធឺណិត , ទិន្នន័យធំ , បញ្ញាសិប្បនិម្មិត , បច្ចេកវិទ្យាណាណូ (Nano technology) និងបច្ចេកវិទ្យាកុំព្យូទ័រកង់ទិច (quantum computer) ជាដើម ដើម្បីតភ្ជាប់ជា«ផ្លូវសូត្រឌីជីថល»ក្នុងសតវត្សរ៍ទី ២១ ។ ការនាំចេញបច្ចេកវិទ្យាទូរគមនាគមន៍ជាវិធានការដ៏សំខាន់មួយដែលប្រទេសចិនជំរុញការអភិវឌ្ឍនៃ«ផ្លូវសូត្រឌីជីថល» ។ ការកសាងបច្ចេកវិទ្យាប្រព័ន្ធ 5G បានក្លាយជា«នាមប័ណ្ណ»មួយរបស់ចិនក្នុងការនាំចេញបច្ចេកវិទ្យាទូរគមនាគមន៍ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍របស់ប្រទេសជាច្រើន ជាពិសេសប្រទេសអាស៊ានដែលជាអ្នកជិតខាងរបស់ចិន ដែលប្រទេសមួយចំនួនបាននិងកំពុងចរចាជាមួយក្រុមហ៊ុនចិនដើម្បីកសាងប្រព័ន្ធ 5G ឯប្រទេសមួយចំនួនទៀតបាននិងកំពុងដំណើរការគម្រោងកសាងប្រព័ន្ធ 5G ដែលបានជំរុញការលើកកម្ពស់កម្រិតបច្ចេកវិទ្យាទូរគមនាគមន៍របស់ប្រទេសពាក់ព័ន្ធ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិកអន្តរជាតិ ។ ក្រៅពីប្រព័ន្ធ 5G ប្រទេសចិនក៏បានចូលរួមគម្រោងបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍របស់ប្រទេសជាច្រើនផងដែរ ដូចជាប៉ាគីស្ថាន , ឡាវ , អេមីរ៉ាតអារ៉ាប់រួម , ប្រស៊ីល , នីហ្សេរីយ៉ាជាដើម […]