ក្រុមហ៊ុន NextBold Capital បានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ថា នឹងបង្កើតមូលនិធិប្រមូលទុន ១០០ លានដុល្លារអាម៉េរិកដើម្បីធ្វើការវិនិយោគគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅប្រទេសកម្ពុជា វៀតណាម និង ឡាវ។ សហគ្រាសធុនតូចនិងមធ្យមកម្ពុជាមានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍ ការលើកពីគម្រោងវិនិយោគ ១០០ លានដុល្លារនេះ គឺដោយសារក្រុមហ៊ុន NextBold Capital បានសម្លឹងឃើញអំពីសក្តានុពលវិនិយោគនិងការអភិវឌ្ឍនៃសហគ្រាសធុនតូចនិងមធ្យមនៅប្រទេសកម្ពុជា វៀតណាម និង ប្រទេសឡាវ ដែលជាទីផ្សារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមហ៊ុននេះបានលើកឡើងថា គម្រោងវិនិយោគនេះគ្របដណ្តប់លើការកំណត់គោលដៅសហគ្រាសធុនតូចនិងមធ្យមនៅតាមទីក្រុងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា វៀតណាម និង ឡាវ ដែលជាទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយសារតែការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល វប្បធម៌សហគ្រិនដ៏រឹងមាំ និង ការកើនឡើងនៃការវិនិយោគពីបរទេស។ សម្រាប់មូលនិធិចំនួន ១០០ លានដុល្លារនេះ នឹងវិនិយោគលើវិស័យអប់រំ ការថែទាំសុខភាព ទំនិញប្រើប្រាស់ និង សេវាកម្ម ដែលពួកគេមើលឃើញឱកាសសម្រាប់ការផ្លាស់ប្តូរអភិបាលកិច្ចនិងការបង្កើនតម្លៃបន្ថែម។ លោក Sjoerd Zwinkels សហនាយកគ្រប់គ្រងនៃក្រុមហ៊ុន NextBold Capital បានថ្លែងថា ទីផ្សារនៃប្រទេសទាំងបីនេះមិនទាន់ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនពិភពលោកនោះទេ ជាពិសេសទៅលើទំហំនៃសហគ្រាសធុនតូចនិងមធ្យម។ យើងមើលឃើញសក្ដានុពលដ៏ធំសម្បើមសម្រាប់ការបង្កើនតម្លៃបន្ថែមដោយការនាំយកនូវប្រភពទុននិងការគាំទ្រផ្នែកប្រតិបត្តិការ។ […]