ក្រុមហ៊ុន Jiangxi Provincial Building Material Group របស់ចិនចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា ដោយគ្រោងនឹងបណ្តាក់ទុនវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍។ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានិងសហការីជាមួយគណៈប្រតិភូវិនិយោគដឹកនាំដោយលោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ភាគីចិនបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះបរិយាកាសនិងសក្តានុពលវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង។ លោក ជា វុទ្ធី បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិស្ថាននិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោកបានធ្វើការអធិប្បាយដោយសង្ខេបអំពីរចនាសម្ព័ន្ធនិងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ពិសេសផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និង អាចប៉ាន់ប្រមាណទុកជាមុនបាន។ លោកបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និង ភាពអំណោយផលនៃច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា ធ្វើឱ្យរំហូរវិនិយោគចិនមកកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ លោក Wensheng Chen បានជម្រាបជូនអង្គប្រជុំថា ក្រុមហ៊ុន Jiangxi Provincial Building Material Group គឺជាក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន ហើយគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេសការគិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។ លោក […]