ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជើងហោះហើរទី១មកពីទីក្រុងស៊ីអាន (Xi’an) ខេត្តសានស៊ី (Shanxi) នៃសាធារណរដ្ឋប្រជាមានិតចិន។ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិ តាមជើងហោះហើរទី១ពីទីក្រុងស៊ីអានរបស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines មកកាន់រាជធានីភ្នំពេញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វិស័យទេសចរណ៍កម្ពុជាចាប់ផ្តើមងើបឡើងបន្តិចម្តងៗ ខណៈដែលកម្ពុជាបានបង្កើនជើងហោះហើរត្រង់ជាមួយបណ្តាប្រទេសជាច្រើន ជាពិសេសជាមួយប្រទេសចិនដែលជាប្រភពទេសចរសំខាន់របស់កម្ពុជាតែម្តង។ តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក វ៉ាង វិនពីន បានឱ្យដឹងថា ចំនួនជើងហោះហើរត្រង់រវាងចិននិងកម្ពុជាបានកើនដល់ ៦០% នៃតួលេខមុនវិបត្តិកូវីដ-១៩ ទេសចរចិនមកប្រទេសកម្ពុជាបានកើនឡើង ៥៤,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយទេសចរកម្ពុជាទៅកាន់ប្រទេសចិនក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងថា កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦ លាននាក់ក្នុងឆ្នាំ២០២៤ និងកើនឡើងដល់ ៧ លាននាក់នៅឆ្នាំ២០២៥ ខាងមុខ។ […]