អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា កម្ពុជាប្រមូលចំណូលពន្ធនិងអាករបានជាង ២,៥ ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ កើនឡើងជិត ១៤% បើធៀបនឹងឆ្នាំ២០២៣។ លោក គុណ ញឹម អគ្គនាយក GDCE បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត កាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៤ GDCE បានប្រមូលចំណូលពន្ធនិងអាករសរុបចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,៥៩ ប៊ីលានដុល្លារ) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ លោកបានថ្លែងថា ការប្រមូលចំណូលក្នុងឆ្នាំ២០២៤ បានជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនមានជាអាទិ៍ កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល ការអនុគ្រោះពន្ធនិងអាករកាន់តែធំទូលាយដើម្បីទាក់ទាញការវិនិយោគ និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្ត ដែលមានទំហំស៊ីឡាំងតូចនិងរថយន្តអគ្គិសនី និង ការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗកាន់តែស្មុគស្មាញ។ លោកបានឱ្យដឹងថា បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤១,៣% អាករពិសេសមានប្រមាណ ៣២,១% ពន្ធគយមានប្រមាណ ១៨% អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៤,៤% និង អាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,២%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ […]