របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង ៧,៦ ប៊ីលានដុល្លារអាម៉េរិកពីការនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក។ អាម៉េរិកនៅតែជាប្រទេសនាំមុខគេដែលទទួលទិញទំនិញពីកម្ពុជា គឺចំនួនជិត ១ ភាគ ៣ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជានិងអាម៉េរិកមានចំនួនសរុប ៧,៨ ប៊ីលានដុល្លារ កើនជាង១០%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានជាង ៧ ប៊ីលានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅអាម៉េរិកចំនួន ៧,៦ ប៊ីលានដុល្លារ កើនឡើង១០,៣%ចំណែកទំនិញអាម៉េរិកនាំមកកម្ពុជាចំនួន ១៩៣ លានដុល្លារ កើនឡើង៦,៧%។ បើតាមលោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានឱ្យដឹងថា សម្ទុះការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសបណ្តាប្រទេសតំបន់អឺរ៉ុប អាម៉េរិក និង កាណាដាបានងើបឡើងវិញចាប់តាំងពីដើមឆ្នាំ២០២៤។ អាម៉េរិកគឺជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា ដែលភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និង កសិផលមួយចំនួន។ សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងថា ទោះបីពេលនេះកំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់ល្អដូចមុនពេលមានវិបត្តិកូវីដ-១៩ ប៉ុន្តែការនាំចេញទំនិញរបស់កម្ពុជាទៅអាម៉េរិកគឺបង្ហាញភាពវិជ្ជមានឡើងវិញជាបន្តបន្ទាប់ចាប់តាំងពីចុងឆ្នាំ២០២៣។ ការងើបឡើងវិញនៃតម្រូវការផលិតផលវាយនភណ្ឌនៅអាម៉េរិក ព្រមទាំងការកើនឡើងសមត្ថភាពផលិតកម្មនៅកម្ពុជា នឹងជួយឱ្យកម្ពុជាមានឱកាសទទួលប្រាក់ចំណូលកាន់តែច្រើនពីពាណិជ្ជកម្មទ្វេភាគីនេះ។ របាយការណ៍ GDCE […]