ដោយសារបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម (CLV-DTA) នៅតែជាប្រធានបទក្តៅដែលក្រុមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនយកមកធ្វើជាអាជីវកម្មនយោបាយនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញនូវសេចក្តីថ្លែងការណ៍ចំនួន ៦ ចំណុច ដើម្បីជាការបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាប។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានខ្លឹមសារដូចខាងក្រោម៖ ១- រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពី CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ច្បាស់លាស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ២- ទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក នៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រកម្ពុជា។ ៣- អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា CLV- DTA គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឡាវនិងរដ្ឋាភិបាលវៀតណាម ដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភាឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ៤- អ្នកនាំពាក្យរាជរដ្ឋាភិបាលយល់ឃើញថា ការបន្តយកបញ្ហានេះមកធ្វើអាជីវកម្ម គឺសរបញ្ជាក់ពីកង្វះខាតចំណេះដឹង ខ្វះការស្រាវជ្រាវ និង ខ្វះការយល់ដឹងខាងផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម […]