នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក កុង ជឹង (Gong Zheng) អភិបាលក្រុងសៀងហៃ ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការនិយោគរវាងប្រទេសទាំងពីរ។ លោក កុង ជឹង បានលើកឡើងអំពីវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុដ៏ធំប្រចាំប្រទេសចិន តំបន់ និង សកលលោក។ លោកក៏បានថ្លែងនូវការកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរវាងថ្នាក់ដឹកនាំចិន-កម្ពុជា ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងរុញច្រានសកម្មភាពក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative – BRT) ឱ្យកាន់តែរីកលូតលាស់ជាលំដាប់។ លោកក៏បានបង្ហាញជំនឿចិត្តថា ដំណើរបេសកកម្មរបស់គណៈប្រតិភូកម្ពុជានាពេលនេះ នឹងអាចទាក់ទាញបាននូវវិនិយោគិននិងធុរជនពីទីក្រុងសៀងហៃ ឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត សំដៅចូលរួមចំណែកលើកកម្ពស់វិបុលភាពសហគមន៍វាសនារួមចិន-កម្ពុជា។ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ទីក្រុងសៀងហៃគឺជាគោលដៅទីពីរ ដែលគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មជំរុញនិងទាក់ទាញវិនិយោគ បន្ទាប់ពីបានបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កានៅទីក្រុងចឹងចូវ (Zhengzhou) ខេត្តហឺណាន […]