វេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការដាស់តឿនប្រជាពលរដ្ឋ ដែលចូលចិត្តហូបផ្លែបំពេញរាជ្យឬផ្លែឈើណាដែលមានគ្រាប់ធំៗ សូមកុំលេបគ្រាប់វាចូលក្នុងពោះ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ផ្លែបំពេញរាជ្យ មន្ទីរពេទ្យកាល់ម៉ែតបានធ្វើការផ្សព្វផ្សាយតាមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ថា ជាធម្មតាគ្រាប់ផ្លែបំពេញរាជ្យមិនអាចត្រូវបានរំលាយឬកិនបំបែកដោយទឹកអាស៊ីតក្រពះនិងសរីរាង្គផ្សេងៗនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ។ ដូច្នេះ គ្រាប់ផ្លែនេះនឹងត្រូវបន្តបញ្ជូនទៅតាមពោះវៀនតូច ហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុងនៃពោះវៀនធំ (Rectum និង Sigmoïde) មុនបន្ទោរបង់ចេញមកជាមួយលាមក។ ជាមួយគ្នានេះ ផលវិបាកដែលបង្កឡើងដោយគ្រាប់ផ្លែបំពេញរាជ្យក្នុងប្រព័ន្ធរំលាយអាហារមនុស្ស គឺរំខានដល់ការរំលាយអាហារនិងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀន ដែលធ្វើឱ្យមនុស្សមានអាការៈឆាប់ឆ្អែត ចុកឆ្អល់ ឈឺពោះមួល ចង្អោរ ឬ ក្អួតជាដើម។ បង្កឱ្យរលាកតាមផ្លូវរំលាយអាហារដែលមានអាការៈ ចុកពោះ រាគមួល និង គ្រុនក្ដៅ ហើយក៏បង្កឱ្យលាមករឹងក្ដៀន ពិបាកបន្ទោរបង់ផងដែរ។ គ្រាប់ផ្លែបំពេញរាជ្យ ជាមួយគ្នានេះ ផលវិបាកធ្ងន់ធ្ងរនៃការលេបគ្រាប់បំពេញរាជ្យចូលពោះ គឺគ្រាប់បំពេញរាជ្យកកស្ទះយូរក្នុងពោះវៀនធំដែលនៅលាយឡំនឹងលាមកក្ដៀន បង្កឱ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឱ្យអ្នកជំងឺមិនអាចបន្ទោរបង់លាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។ មិនតែប៉ុណ្ណោះ គ្រាប់បំពេញរាជ្យដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក គឺអាចបង្កឱ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមកនិងមេរោគ បណ្ដាលឱ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយ៉ាវរបស់អ្នកជំងឺ ធ្វើឱ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។ ការលេបគ្រាប់ផ្លែបំពេញរាជ្យអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ វេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែតបានបន្តថា ជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះងាយកើតលើមនុស្សដែលមានវ័យចំណាស់ ដែលមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់។ […]