ក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥» នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វិនិយោគិនជាតិនិងអន្តរជាតិ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាពនិងនិរន្តរភាពនៃធុរកិច្ចនៅកម្ពុជា។ សម្តេចធិបតីបានលើកឡើងថា កម្ពុជាត្រូវបានទទួលស្គាល់ថា ជាគោលដៅកំពូលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត ៧ ប៊ីលានដុល្លារអាម៉េរិក ដោយបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២៣។ សម្ដេចបានបន្ថែមថា កម្ពុជាបាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយនិងប្រទាក់ក្រឡា ដែលរួមបញ្ចូលទាំងផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និង មជ្ឈមណ្ឌលភស្តុភារកម្ម។ បន្ថែមលើនេះ កម្ពុជាបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើនិងកាត់បន្ថយរបាំងពាណិជ្ជកម្ម សម្រួលនីតិវិធីគយនិងការចុះបញ្ជីអាជីវកម្ម និងបង្កើតបរិយាកាសគតិយុត្តប្រកបដោយភាពច្បាស់លាស់និងតម្លាភាព។ សម្តេចបានបញ្ជាក់ថា កម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះថាមពលនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងវិនិយោគិនជាតិនិងអន្តរជាតិ ដោយបានផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតបប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហានិងកង្វល់ចម្បងៗរបស់វិស័យឯកជន។ មុននឹងបញ្ចប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ […]