ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាទាំងអស់រៀបចំឥណទានឡើងវិញជូនអតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិ។ នេះបើយោងតាមសារាចរណែនាំស្តីពីការរៀបចំឥណទានឡើងវិញរបស់ធនាគារជាតិចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ធនាគារជាតិបានបញ្ជាក់ថា ការអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានជូនអតិថិជនឡើងវិញគឺក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជនក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់។ ធនាគារជាតិបានកំណត់នូវលក្ខខណ្ឌចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (ខាងក្រោមហៅកាត់ថា “គ្រឹះស្ថាន”) ក្នុងការរៀបចំឥណទានជូនអតិថិជនឡើងវិញដូចខាងក្រោម៖ – គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបានចំនួន ២ (ពីរ) ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។ – គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងបន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច ៣ (បី) ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម និង/ឬ ការប្រាក់ប្រចាំខែ។ បន្ទាប់មក គ្រឹះស្ថានអាចស្តារចំណាត់ថ្នាក់ឥណទានល្អជាងមុនពីមួយកម្រិតទៅមួយកម្រិតទៀត ដោយគោរពតាមគោលការណ៍ចំនួនថ្ងៃហួសកាលកំណត់សងនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន។ លើសពីនេះ ការដំឡើងចំណាត់ថ្នាក់ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖ ក. ចំពោះឥណទានមិនដំណើរការដែលមិនធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់អាចធ្វើពីមួយកម្រិតទៅមួយកម្រិតរហូតដល់ចំណាត់ថ្នាក់ “ស្តង់ដា” ខ. ចំពោះឥណទានដំណើរការដែលធ្លាប់ត្រូវបានរៀបចំឡើងវិញមួយលើក (លើកលែង ឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយក្លាយជាឥណទានមិនដំណើរការនិងបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់អាចធ្វើពីមួយកម្រិតទៅមួយកម្រិតរហូតដល់ចំណាត់ថ្នាក់ “ស្តង់ជា” គ. ចំពោះឥណទានមិនដំណើរការដែលធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទាន រៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់មិនអាចខ្ពស់ជាង “ក្រោមស្តង់ដា” […]