ដូចអ្វីដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា កិច្ចសហប្រតិបត្តិការត្រូវការភាពស្មោះត្រង់ ការគោរពគ្នា និងការឱ្យតម្លៃស្មើគ្នា ។ យ៉ាងណាមិញ ការធ្វើជំនួញក៏ដូចគ្នាដែរ ពោលត្រូវធ្វើឡើងក្រោមលក្ខខណ្ឌស្មើភាព យុត្តិធម៌ និងស្មោះត្រង់ ដើម្បីបានផលចំណេញទាំងសងខាង ។ អាស្រ័យហេតុនេះ ប្រទេសជាច្រើនបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណងលើកលែងពន្ធទៅវិញទៅមក សំដៅកាត់បន្ថយថ្លៃដើមនៃការនាំចេញ ។ ជាការពិតណាស់ ទីផ្សារគឺជាសមរភូមិប្រកួតប្រជែងមួយ។ មានការប្រកួតប្រជែងទើបមានការរីកចម្រើន ទើបមានការអភិវឌ្ឍផលិតផលកាន់តែថ្មី កាន់តែប្លែក កាន់តែជឿនលឿននិងកាន់តែមានគុណភាពខ្ពស់ ។ ក៏ប៉ុន្តែ ការប្រកួតប្រជែងត្រូវធ្វើឡើងក្រោមរូបភាពយុត្តិធម៌ និងគោរពតាមច្បាប់ពាណិជ្ជកម្ម ដោយមិនត្រូវធ្វើឱ្យក្លាយទៅជានយោបាយនីយកម្មឬមានការជ្រៀតជ្រែកនិងការដាក់កំហិតខុសទំនងពីសំណាក់រដ្ឋាភិបាលនោះទេ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រទេសនានាបានខិតខំបង្វែរទិសដៅអភិវឌ្ឍទៅរកការអភិវឌ្ឍបៃតង តាមរយៈការដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះ ការធ្វើបរិវត្តកម្មថាមពលបៃតងជាផ្នែកដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ។ ប្រទេសចិនដែលជាអ្នករួមចំណែកដ៏សំខាន់សម្រាប់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុបានបោះជំហានយ៉ាងឆាប់រហ័សក្នុងវិស័យអភិវឌ្ឍថាមពលបៃតង ព្រមទាំងធ្វើការចែករំលែកសមិទ្ធផលរបស់ខ្លួន ជាពិសេសផលិតផលថាមពលថ្មីជាមួយពិភពលោកទាំងមូលជាប់រហូតមក ។ ក៏ប៉ុន្តែភាពរីកចម្រើននៃបច្ចេកវិទ្យាថាមពលថ្មីរបស់ចិនបានធ្វើឱ្យកម្លាំងប្រកួតប្រជែងនៃបស្ចិមប្រទេសមួយចំនួនចាញ់ប្រៀប ហើយក៏ងាកទៅរកការអនុវត្តគោលនយោបាយគាំពារនិយមដោយចាត់ទុក«សហគ្រាសក្នុងស្រុកជាអាទិភាព» ពោលគឺបានដាក់កំហិតចំពោះការនាំចូលផលិតផលថាមពលថ្មីរបស់ប្រទេសចិន ដូចជាការដំឡើងពន្ធនាំចូលជាដើម ។ និយាយចំពោះអ្នកប្រើប្រាស់ អ្វីដែលយើងចង់បានគឺអាចទិញបានទំនិញក្នុងតម្លៃថោកសមរម្យនិងធន់ល្អ ដូច្នេះការដំឡើងពន្ធគយនឹងធ្វើឱ្យថ្លៃដើមនៃការនាំចូលកើនឡើង ហើយថ្លៃលក់ក្នុងទីផ្សារក៏កើនឡើងតាមហ្នឹងដែរ ។លើសពីនេះទៅទៀត ការគាំពារនិយមដែលចាត់ទុកសហគ្រាសក្នុងស្រុកជាអាទិភាពវាជួយដោះស្រាយបញ្ហារបស់សហគ្រាសក្នុងស្រុកបានតែមួយគ្រាប៉ុណ្ណោះ ប៉ុន្តែមិនបានជួយជំរុញកម្លាំងប្រកួតប្រជែងអន្តរជាតិរបស់សហគ្រាសពាក់ព័ន្ធទេ ពិសេសការដំឡើងពន្ធនាំចូលចំពោះផលិតផលបរទេស ប្រទេសពាក់ព័ន្ធក៏នឹងដំឡើងពន្ធដូចគ្នាដែរ […]