នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជានិងធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី១ (ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ដើម្បីទូទាត់ផ្ទាល់នៅតាមហាងទំនិញដែលមានស្លាកសញ្ញាខេអេចឃ្យូអរកូត គណនីប្រាក់រៀល) រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk និងលោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នៅរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានរៀបចំឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជានិងស្ថាប័ន JB Financial Group បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េនាថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ […]