យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) នៅកម្ពុជា ត្រូវបានព្យាករណ៍ថាសម្រេចបានប្រមាណ ១,១២ ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ និងរំពឹងថានឹងមានកំណើនជាប្រចាំឆ្នាំក្នុងអត្រា ១០% ដែលទំហំទឹកប្រាក់នឹងកើនដល់ ១,៨១ ប៊ីលានដុល្លារនៅឆ្នាំ២០២៩ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសក្នុងចំណោមបណ្តាប្រទេសអាស៊ានមួយចំនួន ដែលកំពុងរីកចម្រើនក្នុងវិស័យ E-commerce។ របាយការណ៍បានបង្ហាញថា E-commerce ក្នុងតំបន់អាស៊ានត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៥២% ក្នុងចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ពី ១៤២ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២ កើនដល់ ២១៦ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៥។ សម្រាប់ទីផ្សារដ៏ធំបំផុតទាក់ទងនឹងតម្លៃនិងសក្ដានុពលនៃកំណើន រួមមានប្រទេសឥណ្ឌូណេស៊ី ថៃ វៀតណាម និង ប្រទេសហ្វីលីពីន ដោយប្រទេសសិង្ហបុរីនៅតែជាមជ្ឈមណ្ឌលសំខាន់សម្រាប់ប្រតិបត្តិការតម្លៃខ្ពស់និងភស្តុភារ។ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅក្នុងរបាយការណ៍ E-commerce ថា សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាកំពុងឆ្លងកាត់ការផ្លាស់ប្តូរខ្លាំងក្លាមួយ ដែលជំរុញដោយការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការបង្កើនការទទួលយកអ្នកប្រើប្រាស់នៃវេទិកាឌីជីថល និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងបទប្បញ្ញត្តិនិងទិដ្ឋភាពស្ថាប័ន។ ចំណុចស្នូលនៃការផ្លាស់ប្តូរនេះ គឺ E-commerce ដែលបានលេចចេញជាគន្លឹះនៃកំណើនសេដ្ឋកិច្ច បង្កើនការប្រកួតប្រជែងអាជីវកម្ម ពង្រីកលទ្ធភាពទទួលបានទីផ្សារ និង ការជំរុញឱកាសថ្មីៗសម្រាប់សហគ្រាសគ្រប់ប្រភេទ។ […]